ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

នាព្រឹកថ្ងៃចន្ទ ១២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំង ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក. មានរបៀបវារៈចំនួន ៣ ដែលត្រូវពិនិត្យ ពិភាក្សា និង អនុម័ត ក្នុងនោះរួមមាន៖
ទី១-ផែនការការងារ និង ផែនការហិរញ្ញវត្ថុ សម្រាប់ កិច្ច ដំណើរការ របស់ អ.ដ.ក.
ទី២-កិច្ចដំណើរការនៃការសម្រុះសម្រួលដោះស្រាយវិវាទ និង
ទី៣-ការងារផ្សេងៗ។

ជាលទ្ធផល ក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក. បាន សម្រេច អនុម័ត ជាគោលការណ៍លើ :
ទី១-ផែនការការងារ និង ផែនការ ហិរញ្ញវត្ថុ សម្រាប់ កិច្ចដំណើរការរបស់ អ.ដ.ក. និង
ទី២-សេចក្តីព្រាង សេចក្តី សម្រេច ស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍិសម្រាប់ ការ ផ្តល់ នីតិសម្បទា ជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។

ទន្ទឹមគ្នានេះ អ.ដ.ក. នឹងធ្វេីកិច្ចសហការក្នុងភាពជាដៃគូ ដេីម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាមួយក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រួមមាន: ក្រសួង អធិការកិច្ច គណៈ មេធាវី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល ជាដេីម។

អត្ថបទទាក់ទង