ពិធីទូងស្គរអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានបញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច

ព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណទីស្តីការក្រសួង បានរៀបចំប្រារព្ធពិធីទូងស្គរយ៉ាងអធិកអធម ដើម្បីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងឱកាសដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការយ៉ាងច្រើនកុះករ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ គួរបញ្ជាក់ជូនដែរថា នៅតាមគ្រប់បណ្តាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទាំង២៥ រាជធានី ខេត្ត ក៏មានប្រារព្ធពិធីអបអរសាទរដូចគ្នានេះដែរ។

ព្រឹត្តិការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតំលៃលេចធ្លោជាសកល ដែលចាំបាច់ត្រូវក្នុងចុះបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល។

មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាលទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជា នូវការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនាដែលជាមូលដ្ឋាននៃការកសាង និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍសម្បត្តិវប្បធម៌ និងប្រពៃណីជាកេរមរតកដ៏ឧត្តុង្គឧត្តម ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកជូនអ្នកជំនាន់ក្រោយថែមទៀតផង៕

អត្ថបទទាក់ទង