ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំក្រុមការងារ តំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំក្រុមការងារ តំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដែលបានធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្ដីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នៅក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដោយឥតកែប្រែ ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តមួយ ឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បន្តកែទម្រង់ស៊ីជម្រៅទូលំទូលាយ ឱ្យមានភាពស៊ីចង្វាក់គា្ន ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។
បន្ទាប់ពីសមាជិកព្រឹទ្ធសភា ចំនួន ២រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានធ្វើការឆ្លើយបំភ្លឺ ពន្យល់ និងទទួលយកសំណូមពរ អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសមាជិកព្រឹទ្ធសភាទាំង២រូប ព្រមទាំងជម្រាបជូនអង្គប្រជុំព្រឹទ្ធសភាអំពីភាពចាំបាច់ នៃការប្តូរឈ្មោះក្រសួងនេះ។ ក្រោយពីបានស្តាបប់នូវការពន្យល់របស់ឯកឧត្តមរដ្ឋមន្រ្តី អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចដោយឥតកែប្រែ ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សូមបញ្ជាក់ជូនថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ១០មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូង ចំនួន ១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។