ពិធីធ្វើតេស្តរហ័សរកសារធាតុញៀនសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច
ព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច បានរៀបចំពិធីធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួម ពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរពិសោធន៍គ្រឿងញៀន នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នៅក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការជាច្រើនបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។