ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង
ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី កាយរឹទ្ធិថ្មើរព្រៃថ្នាក់ស្រុក លើកទី១ សម្រាប់យុវជនកាយរឹទ្ធិស្រុករមាសហែក ដែលបានប្រព្រឹត្តទៅក្នុងបរិវេណសហគមន៍ត្រពាំងពិការ ក្នុងភូមិសាស្រ្តភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក ឃុំ និងតំណាង ‘សោម៉ា Initiative’ ប្រធានសហគមន៍ត្រពាំងពិការ លោកគ្រូ អ្នកគ្រូ ប្រតិភូមេដឹកនាំកាយរឹទ្ធិ ព្រមទាំងយុវជនកាយរឹទ្ធិតាមបណ្តាវិទ្យាល័យក្នុងស្រុករមាសហែក និងខេត្តស្វាយរៀង។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបណ្តុះស្មារតីទទួលខុសត្រូវដល់យុវជន តាមរយៈការសិក្សា និងអនុវត្តជាក់ស្តែងអំពីការរស់នៅជាមួយធម្មជាតិ ការងារជាក្រុម វិន័យ ភាពជាអ្នកដឹកនាំ និងការដោះស្រាយបញ្ហាក្នុងស្ថានភាពជាក់ស្តែង និងការចូលរួមថែរក្សាធនធានធម្មជាតិ ដោយលើកទឹកចិត្តឱ្យយុវជនក្លាយជាអ្នកផ្សព្វផ្សាយស្តីពីការការពារ និងអភិរក្សព្រៃឈើសហគមន៍។ ជាមួយគ្នានេះ កម្មវិធីបានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជន និងសហគមន៍អំពីសារៈសំខាន់នៃការអភិរក្សធនធានព្រៃឈើ និងជីវៈចម្រុះ ព្រមទាំងជំរុញការអភិវឌ្ឍសហគមន៍ព្រៃឈើត្រពាំងពិការឱ្យក្លាយជាសហគមន៍គំរូ និងជាតំបន់អេកូទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលអនាគត។
ខេត្តស្វាយរៀង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦៕









