កិច្ចសហការចុះផ្សព្វផ្សាយ «ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» របស់មន្ទីរអធិការកិច្ចខេត្តកំពង់ធំ
លោក ឈរដារ៉ា អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ធំ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរក្រុងស្ទឹងសែន រៀបចំកម្មវិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» នៅសាលាសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង លោកអធិការរងក្រុងស្ទឹងសែន ចៅសង្កាត់ ជំទប់ ស្មៀន នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលរដ្ឋបាលសង្កាត់កំពង់រទេះ មេភូមិ អនុភូមិ សមាជិកភូមិ យុវជន ប្រជាពលរដ្ឋ និងប្រជាការពារ សរុបចំនួន ១០៩នាក់ (ស្រី ៦១នាក់)។
ក្នុងឱកាសនោះ ក៏មានការរៀបចំកម្មវិធីសួរ-ឆ្លើយដើមី្បទទួលបានមួកសុវត្ថិភាពមួយចំនួន ព្រមទាំងបានចែកជូននូវសៀវភៅច្បាប់ ខិត្តប័ណ្ណអប់រំជំនួយស្មារតី ផ្ទាំងរូបភាពសញ្ញាចរាចរណ៍ រូបចំណាំងផ្លាត និងប្រតិទិនសញ្ញាចរាចរណ៍ជាច្រើនសន្លឹក ជូនដល់អ្នកចូលរួមផងដែរ។
ខេត្តកំពង់ធំ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦៕






