ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម ទីប័រ បាឡុកឌី (Tibor BALOGDHDI) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម ទីប័រ បាឡុកឌី (Tibor BALOGDHDI) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច ព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៥៦ មកម្ល៉េះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋហុងគ្រីចំពោះការផ្ដល់ជំនួយផ្សេងៗដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យអប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតជូនឯកឧត្តម និងសហការី ចូលជួបពិភាក្សាការងារ និងស្វែងយល់អំពីបេសកកម្ម និងផែនការសកម្មភាពរបស់ក្រសួងនៅក្នុងអាណត្តិថ្មីនេះ ព្រមទាំងបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ពីបេសកកម្មជម្រុញផ្នែកសហប្រតិបត្តិសេដ្ឋកិច្ច និងការជម្រុញវិស័យវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសហុងគ្រីក្នុងអាណត្តិទូតរបស់ឯកឧត្តម និងស្នើសុំយោបល់ពីឯកឧត្តមរដ្ឋមន្រ្តីការជម្រុញវិនិយោគរវាងប្រទេសទាំងពីរ។​

ជាកិច្ចបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ សមេ្តចធិបតីនាយករដ្ឋមន្ត្រី ជូនចំពោះ ថ្នាក់ដឹកនាំរបស់ប្រទេសហុងគ្រីរួមមាន ឯកឧត្តមប្រធានាធិបតី ឯកឧត្តមនាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស ឯកឧត្តមឯកអគ្គរដ្ឋទូត សហការី និងក្រុមគ្រួសារ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ អាយុយឺនយូរ និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង