កិច្ចប្រជុំពិភាក្សាស្តីពីការងារអធិការកិច្ចជាមួយអង្គភាពអធិការកិច្ចតាមក្រសួង ស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារអធិការកិច្ចជាមួយអង្គភាពអធិការកិច្ចតាមក្រសួង ស្ថាប័ន ដោយមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល, ក្រសួងរ៉ែនិងថាមពល ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋាន, ឯកឧត្តម លោកជំទាវ អគ្គាធិការនៃអគ្គាធិការដ្ឋាន, លោក លោកស្រី អធិការ ប្រធាននាយកដ្ឋានអធិការកិច្ចនៅតាមបណ្តាក្រសួង ស្ថាប័ន ចំនួន ៧២រូប ដើម្បីពិភាក្សាលើមុខងារ តួនាទី ភារកិច្ច របស់អធិការកិច្ច ព្រមទាំងស្តាប់របាយការណ៍របស់អង្គភាពអធិការកិច្ចតាមក្រសួង ស្ថាប័ន លើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរនិងទិសដៅការងារអាទិភាពនៅក្នុងវិស័យអធិការកិច្ច នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ទីស្តីការក្រសួង រសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤៕