ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ការលើកកម្ពស់វិស័យអធិការកិច្ច គឺដើម្បីឈានឆ្ពោះទៅរកអភិបាលកិច្ចល្អ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានថ្លែងកោតសសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ ចំពោះការអនុវត្តការងារកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសទទួលបានសេចក្តីទុកចិត្ត និងការគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ តាមរយៈ ការចាត់ឱ្យចូលរួមនៅគ្រប់យន្តការសំខាន់ៗ សំដៅលើកកម្ពស់លើវិស័យអធិការកិច្ច ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីឈានឆ្ពោះទៅអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបែបនេះ ខណៈពេលដែល ឯកឧត្តម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុតំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវរដ្ឋលេខាធិការប្រចាំការ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងមន្ត្រីរាជការនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបរំលឹក និងផ្តាំផ្ញើជូនអង្គពិធីអំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុច ដើម្បីអង្គភាពមួយរីកចម្រើន និងរឹងមាំទៅបាន គឺត្រូវមាន៖ ទី១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ទី២.ត្រូវមានទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ទី៣.ត្រូវមានមូលធនមនុស្ស ទី៤.ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរបៀបរបបការងារ (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ទី៥.កត្តាហិរញ្ញវត្ថុ និងទី៦.គឺត្រូវការការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម ។

ជាចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា សូមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ យកចិត្តទុកដាក់បន្ថែមលើគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងកត្តាសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ៕

អត្ថបទទាក់ទង