ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចុះសាកសួរសុខទុក្ខ ឯកឧត្តម សោម សាបាន ទីប្រឹក្សាក្រសួងអធិការកិច្ច ដែលមានបញ្ហាសុខភាព កំពុងសម្រាកព្យាបាលនៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រួមជាមួយថ្នាក់ដឹកនាំក្រសួងមាន លោកជំទាវ សុខ វិឡាយ និងឯកឧត្តម ឆេង សារឿន បានអញ្ជើញចុះសាកសួរសុខទុក្ខ ឯកឧត្តម សោម សាបាន ទីប្រឹក្សាក្រសួងអធិការកិច្ច ដែលកំពុងសម្រាកថែរក្សាសុខភាពនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះឯកឧត្តម សោម សាបាន និងក្រុមគ្រួសារ ដែលកន្លងមកបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើជាតិ មាតុភូមិ រក្សាសន្តិភាពសង្គម និងបន្សល់ទុកស្នាដៃជាច្រើនជូនដល់ក្រសួង។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានប្រគល់ជូនកន្រ្តកផ្លែឈើ វត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកាមួយចំនួនផងដែរ ជាការឆ្លើយតប ឯកឧត្តមទីប្រឹក្សា សោម សាបាន បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ និងមានសេចក្តីសោមនស្សជាខ្លាំង ដែលមិននឹកស្មានថា ឯកឧត្តមរដ្ឋមន្រ្តី ឆ្លៀតពេលដ៏មមាញឹកមកសួរសុខទុក្ខដោយផ្ទាល់ និងសូមថ្លែងអំណរគុណជូនឯកឧត្តមរដ្ឋមន្រ្តី និងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់រក្សាឯកឧត្តមរដ្ឋមន្រ្តី មានសុខភាពល្អ ជន្មាយុយឺនយូរ និងជួបតែនឹងពុទ្ធពរគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង