កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ជាមួយតំណាងក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ មកពីក្រសួងអធិការកិច្ច ក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួន ៥៤រូប នៅទីស្តីការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

បន្ទាប់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានសង្ខេបពីសារបាន និងបេសកកម្ម ព្រមទាំងការប្រព្រឹត្តទៅនៃសេចក្តីព្រាងអនុក្រឹត្យរួចមក អង្គប្រជុំបានពិនិត្យ និងពិភាក្សាបន្ថែមក្នុងគោលបំណង ស្វែងរកធាតុចូល និងកែលម្អសេចក្តីព្រាងនេះ។

ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានឯកភាពទៅលើចំណុចមួយចំនួនដូចជា ការកំណត់មុខងារភារកិច្ចរបស់ក្រសួងអធិការកិច្ច ដោយត្រូវផ្អែកលើអនុក្រឹត្យ លេខ០៣ អនក្រ.បក និងលេខ១៦៨ អនក្រ.បក ជាគោល ក៏ដូចជាការកែសម្រួលខ្លឹមសារនៅក្នុងជំពូក និងមាត្រាមួយចំនួន រួមទាំងការកំណត់រចនាសម្ព័ន្ធចំណុះក្រសួងអធិការកិច្ច ជាដើម។

ចុងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងបានស្នើដល់អង្គប្រជុំដែលទទួលបន្ទុកលើការងារនីមួយៗ ត្រូវទទួលខុសត្រូវក្នុងការអនុវត្ត ដើម្បីកំណត់ស្តង់ដាររួម ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕

អត្ថបទទាក់ទង