ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យលោក LIU Yichuon និងសហការីពីសមាគមសហគ្រាសធុនតូច និងមធ្យមមកពីប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យលោក LIU Yichuon និងសហការីពីសមាគមសហគ្រាសធុនតូច និងមធ្យមមកពីប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍លោក LIU Yichuon និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ និងស្វែងយល់សភាពការណ៍ពិតពីនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ព្រមទាំងឱកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លូននៅព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោកប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីសមាគមរបស់លោកដែលប្រមូលផ្តុំនូវសហគ្រាសធុនតូច និងមធ្យមជាង៥.០០០ នៅតាមប្រទេសចិន និងប្រទេសអាស៊ាន។ លោក បានជម្រាបបន្ថែមថានេះជាដំណើរទស្សនកិច្ចស្វែងយល់ពីប្រទេសកម្ពុជា និងឱកាសវិនិយោគនៅកម្ពុជារៀបចំដោយសមាគមជូនដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាង៣៥០រូប ដែលជាសមាជិករបស់សមាគមដែលមានបំណងមកបោះទុនវិនិយោគនៅកម្ពុជា។​

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការមកជួបសម្ដែងការគួរសម និងជំនឿទុកចិត្តក្នុងការបោះទុនវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងជូនពរលោក LIU Yichuon សហការី និងម្ចាស់សហគ្រាសទាំងអស់មានសុខភាពល្អ និងជោគជ័យក្នុងការប្រកបធុរកិច្ចដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងជម្រុញកំណើនសេដ្ឋកិច្ច និងជាការទាក់ទាញវិនិយោគបរទេសដោយផ្ទាល់ឱ្យកាន់តែច្រើនឡើង។

អត្ថបទទាក់ទង