ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងអធិការកិច្ច» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.)
រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងអធិការកិច្ច» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូបនៃក្រសួងទាំង២ នៅទីស្ដីការក្រសួងអធិការកិច្ច។
ថ្លែងក្នុងមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់នៃសិក្ខាសាលា នេះ និងបានកោតសរសើរក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលបានសម្រេចបានសមិទ្ធផលធំៗជាច្រើន ។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ដែលកើតចេញពីការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជាស្នាដៃឯករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នាំឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលេចអំពីស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់គោលដៅយុទ្ធសាស្រ្តនៃអភិបាលកិច្ច ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះដែរក៏មានបទបង្ហាញពីដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងស្ថាប័ន និង ការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញគ្នាក្នុងក្របខ័ណ្ឌការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច របស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញអនុវត្តអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងបានផ្តល់នូវអនុសាសន៍តម្រង់ទិសសំខាន់ៗ ជាពិសេសបានរំលេចអំពីចក្ខុវិស័យវែងឆ្ងាយនៃការកែទម្រង់រដ្ឋបាលសាធារណៈ សំដៅការកសាងសង្គមដែលមានភាពធន់ និងភាពប្រកួតប្រជែង ដែលអាចឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជារបស់ពិភពលោក។




















