ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ លោកស្រី Alissar Chaker និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃនេះ និងបានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ព្រមទាំងបានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្ដល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជានាពេលកន្លងមក។ ជាការឆ្លើយតប លោកស្រីតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី ជួបសម្តែងការគួរសម និងរាយការណ៍អំពី បេសកកម្ម និងសកម្មភាពការងាររបស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិនៅកម្ពុជានាពេលកន្លងមកផងដែរ។
ជាចុងក្រោយ ភាគីទាំងពីបានឯកភាពបង្កើនកិច្ចសហការគ្នា ដើម្បីពង្រឹងការងារអភិបាលកិច្ចល្អដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ដែលដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា៕