ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់
ថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារយុវជនប្រចាំស្រុកចំការលើ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សរុបចំនួន ៤៣០នាក់ នៅស្រុកចំការលើ។
ឯកឧត្តមបានសម្តែងនូវការអបអរសាទរ ចំពោះ លោកគ្រូអ្នកគ្រូ លោក លោកស្រី ឪពុកម្តាយអាណាព្យាបាល សិស្សានុសិស្សទាំង ៤៣០នាក់ ដែលទទួលបានជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ស្របតាមទិសស្លោក “ អ្នកចេះ គឺ ជាប់ ” ។ តាមតួលេខឆ្នាំនេះជាប់បានតែ ៦៨.៩០% បើធៀបនិងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅដែលយើងជាប់បាន ៧២,៨០% តែគុណភាពអប់រំបានកើនឡើង (២០២២: A = ៥ នាក់, ២០២៣: A = ៨ នាក់)។
ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូលនៃយុទ្ធសាស្ត្រ ហើយក្នុងមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលយកចិត្តទុកដាក់លើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះទាំង៥ ដែលក្នុងនោះមានការលើកកម្ពស់គុណភាពអប់រំសាលារដ្ឋពីថ្នាក់មតេយ្យ ដល់មធ្យមសិក្សា(ថ្នាក់ទី១២) ហើយនេះជាលទ្ធផលនៃការសិក្សារបស់ប្អូនៗនៅថ្ងៃនេះ គឺបានមកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណៈនាយកសាលា លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអាណាព្យាបាលដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការនេះ។
ទន្ទឹមនឹងនោះ ឯកឧត្តមបានកោតសរសើរខ្លាំងណាស់ដែលប្អូនៗបានខិតខំរៀនសូត្រ១២ឆ្នាំកន្លងមកនេះ ហើយចុងក្រោយបានទទួលជ័យលាភី គួរជាទីគាប់ចិត្ត ចាប់ពីពេលនេះតទៅប្អូនៗ ត្រូវសម្រេចចិត្តចូលរៀនបន្តនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យមួយណាដែលប្អូនៗមានបំណងចង់ចូលរៀន ប្អូនៗខ្លះរៀនជំនាញ ប្អូនៗខ្លះក៏ទៅធ្វើការមួយរយៈសិន រួចក៏បន្តការសិក្សា តទៅទៀត ចឹងគឺជាជម្រើសមួយដែលទាមទារឲ្យយើងត្រូវធ្វើការសម្រេចចិត្ត។
ជាចុងក្រោយ ឯកឧត្តម ក៏សូមឱ្យប្អូនៗសិស្សានុសិស្ស បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួននិងចូលរួមធ្វើអំពើល្អ (មានសុភាវធម៌៖ សុជីវធម៌ សីលធម៌ និងគុណធម៌) ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល និងសូមប្អូនៗចងចាំជានិច្ចថា បើយើងស្រលាញ់ខ្លួន ស្រលាញ់ឪពុកម្តាយ និងចង់មានអនាគតរុងរឿង គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងជៀសវាងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ៕