គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ Do Minh Phuong អនុប្រធានក្រុមហ៊ុន Viettel

រដ្ឋធានីហាណូយ៖ ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ លោកឧត្តមសេនីយ៍ទោ Do Minh Phuong អនុប្រធានក្រុមហ៊ុន Viettel នៅទីស្នាក់កណ្តាលក្រុមហ៊ុន ដែលស្ថិតនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អនុប្រធានក្រុមហ៊ុន Viettel បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា អំពីសាវតា បេសកម្ម និងសមិទ្ធផលនានារបស់ក្រុមហ៊ុនដែលសម្រេចបាននាពេលកន្លងមក ហើយបានប្រែក្លាយជាក្រុមហ៊ុនដ៏ធំ ឈានមុខគេនៅប្រទេសវៀតណាម និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសវៀតណាម ព្រមទាំងបានពង្រីកសក្ដានុពលតាមរយៈការធ្វើសមាហរណកម្មទៅក្នុងទីផ្សាអន្តរជាតិយ៉ាងខ្លាំងក្លា ជាពិសេសការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងបណ្ដាប្រទេសជាមិត្តនៅក្នុងអាស៊ី ក៏ដូចជានៅប្រទេសកម្ពុជា គឺក្រុមហ៊ុនមិត្តហ្វូន (Metfone) ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនViettel ដែលបានវិនិយោគចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៩មកម្លេះ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានមកជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Viettel នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកឧត្តមសេនីយ៍ទោ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ចំពោះគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់ក្រុមហ៊ុន ជាពិសេសនៅកម្ពុជា ក្រុមហ៊ុន Metfone បានចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា តួយ៉ាងក្រុមហ៊ុន Metfone បានផ្ដល់ឱកាសការងារពេញម៉ោងដល់ប្រជាជនកម្ពុជាប្រមាណជា ៣,០០០នាក់ ការងារក្រៅម៉ោងប្រមាណ ១០,០០០នាក់ និងមានការិយាល័យលក់ ចំនួន ៣០,០០០កន្លែង មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍឌីជីថលូបនីយកម្មនៅកម្ពុជា មានជាអាទិ៍ កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកា និងសេវាកម្ម ក្នុងការបង្កើតសង្គមឌីជីថល។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី កត់សម្គាល់ឃើញថា ក្រុមហ៊ុន Metfone តែងតែបង្ហាញនូវភាពសកម្មក្នុងការទទួលខុសត្រូវសង្គម (Corporate Social Responsibility) និងជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទុនវិនិយោគផ្ទាល់ពីប្រទេសវៀតណាមមកកម្ពុជា។ ក្រុមហ៊ុន Viettel និង Metfone តែងតែបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា រួមចំណែកជាជំនួយថវិកាយ៉ាងច្រើនដល់សកម្មភាពសង្គមកិច្ច និងមនុស្សធម៌។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមហ៊ុន Viettel នៅប្រទេសវៀតណាម ក៏ដូចជាក្រុមហ៊ុន Metfone នៅកម្ពុជាសូមទទួលបានការអភិវឌ្ឍរយៈពេលវែង និងទទួលបានជោគជ័យក្នុងមុខជំនួញដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសវៀតណាម និងប្រទេសកម្ពុជាឈានឆ្ពោះទៅរការរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តន៍។

អត្ថបទទាក់ទង