សាមគ្គីជាតិខ្មែរជាធ្លុងមួយបង្កើតបាននូវ «ព្រែកជីកហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្ត្រដំបូងបំផុតរបស់កម្ពុជា ដែលជាកាតាលីករបង្កើតឱ្យមានសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចថ្មីសម្រាប់ថ្ងៃអនាគត ដើម្បីប្រយោជន៍ប្រជាជន ជារបស់ប្រជាជនកម្ពុជា និងដើម្បីប្រទេសកម្ពុជា
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង០៩នាទីព្រឹក នៅបរិវេណទីស្ដីការក្រសួងអធិការកិច្ច ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអធិការកិច្ច បានសម្តែងនូវការអបអរសារទរ និងគាំទ្រយ៉ាងពេញទំហឹងតាមរយៈ ការវាយជួង ទូងស្គរ និងវាយឃ្មោះក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជាដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ គឺជាការផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា។
គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។