កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ កម្រិតថ្នាក់ដឹកនាំក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច

រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ កម្រិតថ្នាក់ដឹកនាំក្រសួងដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សាក្រសួង និងប្រធាននាយកដ្ឋាន នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួង។

ក្នុងរយៈពេល១ ឆ្នាំកន្លងទៅនេះ ក្រសួងអធិការកិច្ច បានចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការលើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះក្រសួងបានដាក់ចេញចក្ខុវិស័យចំនួន៤ រួមមាន៖ ១). ការពង្រឹងនិងអភិវឌ្ឍសមត្ថភាពស្ថាប័ន, ២). ការកសាងនិងអភិវឌ្ឍធនធានមនុស្ស ឱ្យក្លាយជាមូលធនមនុស្ស, ៣). ការកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើឱ្យវិស័យអធិការកិច្ច និង៤). ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។

អត្ថបទទាក់ទង