កិច្ចប្រជុំស្ដីពីការតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ត របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុភក្ត្រា

|

ព្រឹកថ្ងៃអង្គារ៍ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសាលាប្រជុំសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ទីស្ដីការក្រសួងអធិការកិច្ច ឯកឧត្តម លីវ សុភក្រ្តា រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ដ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ ព្រមទាំងឆ្លងរបាយការណ៍ ស្ដីពីលទ្ធផល នៃការចុះតាមដានត្រួតពិនិត្យអនុក្រឹត្យ លេខ៦៤ អនក្រ.បក ស្ដីពីការកំណត់ និងគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្ដរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេរភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ កិច្ចប្រជុំពិភាក្សានេះ មានគោលបំណង ស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់មន្រ្តីរាជការក្នុងនាយកដ្ឋានតាមដានការអនុវត្តច្បាប់ ពង្រឹងរបៀបរបបការងារ សមត្ថភាពមន្រ្ដីរាជការ ធ្វើការណែនាំដល់គណៈប្រតិភូមុនចុះបំពេញបេសកកម្ម និងពិនិត្យកែសម្រួលខ្លឹមសាររបាយការណ៍លទ្ធផលតាមដានការអនុវត្តច្បាប់ ឲ្យបានកាន់ល្អប្រសើរបន្ថែមទៀត ស្របតាមការដាក់ចេញនូវផែនការសកម្មភាព៤ចំណុច របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងអធិការកិច្ច រួមមាន៖ ការពង្រឹងស្ថាប័ន ការបង្កើនមូលធនមនុស្ស ការកសាងលិខិតបទដ្ឋានគតិយុត្ត និងការ កសាងសុខដុមនីយកម្មក្នុងក្រសួង។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ឯកឧត្តម ឡុក ស៊ីណា អគ្គនាយករង ឯកឧត្តមទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់៕

អត្ថបទទាក់ទង