ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍ លោកជំទាវ Liurka Rodriguez Barrios និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបសម្តែងការគួរសម ចំពោះភាពល្អប្រសើរ នៃចំណងការទូតរវាងប្រទេសទាំង ក្នុងរយៈពេល ៦៣ឆ្នាំកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-គុយបា ត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ទំនាក់ទំនងការទូត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងនោះសម្តេចតេជោ ក៏បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយបា បានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជាមានស្ករ គុយបាមានមជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ ជំនួយពីគុយបាពេលនោះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជាដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រានមានជីវិត ដូច្នេះជំនួយពីគុយបា គឺចាំបាច់បំផុត។
ជាចុងក្រោយ ភាគីទាំងពីរនឹងរៀបចំទស្សនកិច្ចផ្លូវការ ដើម្បីសិក្សាស្វែងយល់ ផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍អំពីវិស័យអធិការកិច្ច ការតាមដាន ការអនុវត្តច្បាប់ និងស្ថាប័នអធិការកិច្ច ឬប្រហាក់ប្រហែលរបស់សាធារណរដ្ឋគុយបាជាមូលដ្ឋាននៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអធិការកិច្ចរវាងស្ថាប័ននៃប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពចុះ MOU រវាងក្រសួង និងស្ថាប័នប្រហាក់ប្រហែល នៅសាធារណរដ្ឋគុយបា ដែលផ្តោតលើការងារអធិការកិច្ច និងអភិបាលកិច្ចល្អដែលជាបេសកកម្មចម្បងរបស់ក្រសួង ព្រមទាំងផ្តល់ការបណ្តុះបណ្តាល និងការផ្តល់នូវព័ត៌មានពីអាហារូបករណ៍របស់សាធារណរដ្ឋគុយបាមកក្រសួងអធិការកិច្ចផ្ទាល់៖ កសាង និងពង្រឹងសមត្ថភាពមន្ត្រីលើវិស័យអធិការកិច្ច ជំនាញទន់ និងព័ត៌មានវិទ្យា និងជួយអភិវឌ្ឍន៍វិទ្យាស្ថានជាតិអធិការកិច្ចរបស់ក្រសួង ជាពិសេសជួយផ្តល់ព័ត៌មានផ្ទាល់មកក្រសួងអធិការកិច្ចពីអាហារូបករណ៍ ដើម្បីជាឱកាសដល់មន្ត្រីរាជការក្រសួងអាចរៀបចំដាក់ពាក្យស្នើសុំទាន់ពេលវេលា៕