គណៈប្រតិភូក្រសួងអធិការកិច្ច ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ
នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលទិវង្គតកាលពីវេលាម៉ោង១៧:៤០ នាទី នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ចំពោះព្រះវីរៈភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ដែលបានយាងចូលរួមចំណែក បម្រើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាការស្តាកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើនជារៀងរហូតមក។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតបានបម្រើ វិស័យពុទ្ធចក្រស្ទើរពេញមួយជីវិតរបស់ព្រះអង្គ។
ក្នុងឱកាសនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមវន្ទាឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕