គណៈប្រតិភូក្រសួងអធិការកិច្ច ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១ នៃរដ្ឋសភា)

ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ៧ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចំនួន ២៨រូប ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១ នៃរដ្ឋសភា) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងមានការចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធាន សមាជិកគណៈកម្មការទី១ និងតំណាងគណៈកម្មការនានា នៃរដ្ឋសភាដើម្បីធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងអធិការកិច្ច ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដែលបានបង្ហាញអំពីតួនាទីភារកិច្ច ដ៏មានសារៈសំខាន់របស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ក៏ដូចជាសមិទ្ធផលការងារជាច្រើន ដែលសម្រេចបានតាំងពីអាណត្តិទី១ រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈកម្មការទី១ និងតំណាងគណៈកម្មការនានា នៃរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នៅថ្ងៃនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើសេចក្តីរាយការណ៍គោរពជូនអង្គប្រជុំអំពីសាវតាររបស់ក្រសួងអធិការកិច្ច តួនាទីភារកិច្ច បេសកកម្ម រចនាសម្ព័ន្ធ និងសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០២៣ បញ្ហាប្រឈមដែលក្រសួងជួបប្រទះ ព្រមទាំងទិសដៅការងារអាទិភាពក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ក្រសួងអធិការកិច្ច៕

អត្ថបទទាក់ទង