ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញមកជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ រវាងកម្ពុជា និងចក្រភពអង់គ្លេសនាពេលកន្លងមកផងដែរ រួមមានវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ វិស័យអប់រំ ទេសចរណ៍ និងសិទ្ធមនុស្សជាដើម។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចូលកាន់តំណែងថ្មី និងបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរាជទូត និងសហការី បានចូលជួបសម្តែងការគួរសមនាពេលនេះ៕

អត្ថបទទាក់ទង