ឯកឧត្តម ឆេង សារឿន ដឹកនាំកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ច ស្តីពីការអនុវត្តតួនាទីភារកិច្ច ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងការសាងសង់ ការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធ នៅរដ្ឋបាលខេត្ត

|

កិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ច ស្តីពីការអនុវត្តតួនាទីភារកិច្ច ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងការសាងសង់ ការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធ នៅរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូអធិការកិច្ចបាន ដឹកនាំកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ច ស្តីពីការអនុវត្តតួនាទីភារកិច្ច ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងការសាងសង់ ការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធ នៅរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត យិន សាវ៉េន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ិន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឆេង សារឿន រដ្ឋលេខាធិការ និងគណ:ប្រតិភូអធិការកិច្ច។
ក្នុងកិច្ចប្រជុំបើកការងារអធិការកិច្ច ឯកឧត្តម ឆេង សារឿន បានលើកពីសារៈសំខាន់នៃការងារអធិការកិច្ច, សាវតាក្រសួងអធិការកិច្ច និងបានគូសរំលេចថាការចុះបំពេញការងារដ៏សំខាន់នេះ ស្របនឹងតួនាទីភារកិច្ចរបស់ក្រសួងអធិការកិច្ច និងអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ និងទិសស្លោក អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម ដោយស្នើឲ្យស្ថាប័ន អង្គភាព ចំណុះខេត្តទាំងអស់ យកចិត្តទុកដាក់ ផ្តល់កិច្ចសហការគ្រប់ជ្រុងជ្រោយ បំពេញភារកិច្ចជាមួយគណ:ប្រតិភូអធិការកិច្ច និងសូមកុំឲ្យមានការយល់ច្រឡំថាក្រុមប្រតិភូអធិការកិច្ចចុះមកចាប់កំហុស មករំខានកិច្ចការផ្ទៃក្នុងអង្គភាព សុំកុំមានការលាក់លៀម កុំមានការគេចវេសឬបំភ្លៃព័ត៌មានជាដើម។
ក្នុងស្មារតីនេះ ឯកឧត្តមប្រធានគណ:ប្រតិភូសង្ឃឹមយ៉ាងមុតមាំថា ការចុះធ្វើអធិការកិច្ចនេះនឹងអាចចូលរួមកែលម្អ តម្រង់ទិសអង្គភាពចំណុះរដ្ឋបាលខេត្ត មន្ទីរអង្ភភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក អង្គភាពពាក់ព័ន្ធទាំងអស់ ពិតជាបំពេញតួនាទីភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធិភាព ផលិតភាព តម្លាភាព និងបង្កើនបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ស្របតាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ដែលផ្តោតជាចម្បងលើការកែទម្រង់រដ្ឋបាលសាធារណ:ទំនើប ជឿនលឿន និងអភិបាលកិច្ចល្អ ស្របតាមនិន្នាការឌីជីថលនីយកម្ម។

អត្ថបទទាក់ទង