កិច្ចប្រជុំអន្តរក្រសួង ស្តីពីលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវ ករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ របស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅចំណុចជើងភ្នំ១៥០០ ខេត្ដពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់
នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច ព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្តីពីលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវ ករណីភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ របស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅចំណុចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
កិច្ចប្រជុំអន្តរក្រសួងនាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងសាធារណការ និងដឹកជញ្ជូន, និងក្រសួងទេសចរណ៍, ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តពោធិសាត់, គណៈប្រតិភូចុះអង្កេតស្រាវជ្រាវ នៃក្រសួងអធិការកិច្ច, ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ព្រមទាំងលោក លោកស្រីតំណាងរដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ចំនួន ៣១រូប។
សូមជម្រាបជូនថា បន្ទាប់ពីក្រសួងអធិការកិច្ចទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ និងលិខិតលេខ ២២៥ សជណ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ចំនួន ៤ដងរួចមកហើយ និងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រមទាំងផ្តល់អនុសាសន៍ណែនាំ និងបានចាត់តាំងគណៈប្រតិភូក្រសួងអធិការកិច្ច ធ្វើការចុះអង្កេតស្រាវជ្រាវ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ធ្វើការសន្និដ្ឋាន និងគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់៕