កិច្ចប្រជុំពិភាក្សាស្តីអំពីបរិវត្តកម្មឌីជីថលរបស់ក្រសួងអធិការកិច្ច ក្នុងគោលបំណងស្វែងយល់អំពីចំនុចសំខាន់ៗមួយចំនួនដែលអង្គភាពនីមួយៗលើកឡើងនូវចំណេះដឹង បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល
ទីស្តីការក្រសួងអធិការកិច្ច៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពីបរិវត្តកម្មឌីជីថលរបស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក លោក លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យនៃនាយកដ្ឋាននីមួយៗ ចំណុះអគ្គនាយកដ្ឋានទាំងអស់ លោកនាយក នាយករង និងប្រធានការិយាល័យចំណុះវិទ្យាស្ថានជាតិអធិការកិច្ច លោកប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួង។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះ មានគោលបំណងស្វែងយល់អំពីចំនុចសំខាន់ៗមួយចំនួនដែលអង្គភាពនីមួយៗលើកឡើងនូវ ចំណេះដឹង បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល ដើម្បីប្រមូលធាតុចូលនូវបញ្ហាទាំងអស់ សម្រាប់រកដំណោះស្រាយ និងរកកម្មវិធីបណ្តុះបណ្តាលតាមតម្រូវការចាំបាច់ជូនមន្ត្រីរាជការរបស់ក្រសួងអធិការកិច្ចក្នុងការធ្វើទំនើបកម្មអធិការកិច្ច ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមការដាក់ចេញនូវផែនការសកម្មភាព ៤ចំនុចរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមមាន៖ ការពង្រឹងស្ថាប័ន ការបង្កើនមូលធនមនុស្ស ការកសាងលិខិតបទដ្ឋានគតិយុត្ត និងការកសាងសុខដុមនីយកម្មក្នុងក្រសួង។