ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថា ស្តីពី «វិស័យអធិការកិច្ច ការពង្រឹងគុណភាពស្ថាប័ន និងការលើកកម្ពស់អភិបាលកិច្ច» ជូនកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីមធ្យម ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ ។

ព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថា ស្តីពី «វិស័យអធិការកិច្ច ការពង្រឹងគុណភាពស្ថាប័ន និងការលើកកម្ពស់អភិបាលកិច្ច» ជូនកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ មន្រ្តីគ្រប់គ្រងរដ្ឋបាល និងមន្រ្តីមធ្យម ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល។

ក្នុងកម្មវិធីបាបឋកថាដ៏មានសារៈសំខាន់នាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល លោកជំទាវរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីមធ្យម (ថ្នាក់គុណភាព) ដែលបានចូលរួមដោយផ្ទាល់ក្នុងសហសាល និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម (ថ្នាក់នវានុវត្តន៍ ថ្នាក់គុណធម៌) ព្រមទាំងមន្រ្តីក្រមការ ដែលបានចូលរួមតាមប្រព័ន្ធអនឡាញ (Microsoft Teams) សរុបចំនួន ៤២៤អង្គ/នាក់។

សូមជម្រាបជូនថា គោលបំណងសំខាន់នៃការរៀបចំបាឋកថានាថ្ងៃនេះ គឺ៖ ទី១.ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យទាក់ទង និងទទួលការណែនាំដោយផ្ទាល់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងទី២.គឺជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹង និងបទពិសោធការងារដ៏សម្បូរបែបលើវិស័យអធិការកិច្ចពី ឯកឧត្តមរដ្ឋមន្រ្តី ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធី អំពី(១) សាវតារក្រសួងអធិការកិច្ច ដែលជាស្ថាប័នត្រួតពិនិត្យដ៏មានសារៈសំខាន់នៅគ្រប់ដំណាក់កាលតាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ន, (២)​សមត្ថកិច្ចរបស់ក្រសួងក្នុងការធ្វើអធិការកិច្ចលើគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជា, (៣) ចក្ខុវិស័យរបស់ក្រសួងចំនួន៤, (៤) បេសកកម្មចម្បងរបស់ក្រសួងលើការងារអធិការកិច្ច, ការងារទទួល អង្កេតស្រាវជ្រាវ និងដោះស្រាយបណ្តឹង, ការងារតាមដានការអនុវត្តច្បាប់ និងការងារអប់រំផ្សព្វផ្សាយច្បាប់, (៤) លទ្ធផលការងាររបស់ក្រសួងសម្រេចបាននាពេលកន្លងមកដែលចូលរួមចំណែកក្នុងការពង្រឹងគុណភាពស្ថាប័ន ពង្រឹងអភិបាលកិច្ចល្អ និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ, (៥) ទិសដៅការងារអាទិភាពបន្តរបស់ក្រសួង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ក្នុងកម្មវិធីនាព្រឹកនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ក៏បានយកឱកាសថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តម យក់ ប៊ុនណា ដែលបានអញ្ជើញឯកឧត្តមជាវាគ្មិននៅថ្ងៃនេះ និងបាន ផ្តល់ការគាំទ្រដល់ក្រសួងអធិការកិច្ច និងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពមន្ត្រី។

អត្ថបទទាក់ទង