ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ច ដើម្បីធ្វើការសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាបង្កើតនូវភាពស្និទ្ធស្នាលនាឱកាសដែលឯកឧត្តមចូលកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងអធិការកិច្ច

ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ច ដើម្បីធ្វើការសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាបង្កើតនូវភាពស្និទ្ធស្នាលនាឱកាសដែលឯកឧត្តមចូលកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់នូវជំនឿទុកចិត្ត និងឱកាសដល់ឯកឧត្តមដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគោរពថ្លែងអំណរគុណ និងកតញុតាធម៌ដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមដឹកនាំក្រសួងអធិការកិច្ចឱ្យទទួលបានផ្លែផ្កាគួរជាទីមោទនៈ និងភាពរីកចម្រើនជាច្រើនក្នុងវិស័យអធិការកិច្ចនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ក្នុងក្រសួងអធិការកិច្ចបន្តរួបរួមគ្នាដើម្បីពង្រឹងវិស័យអធិការកិច្ចទាំងក្នុងក្របខណ្ឌ សាធារណៈ និងឯកជន សំដៅចូលរួមលើកកម្ពស់បន្ថែមទៀតទៅលើអភិបាលកិច្ចល្អ ពង្រឹងភាពស្អាតស្អំក្នុងប្រព័ន្ធរដ្ឋបាល និងទប់ស្កាត់អំពើអសកម្មនានា ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។

អត្ថបទទាក់ទង