ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច “វីធីសាស្រ្តអង្គេតស្រាវជ្រាវ និងដោះស្រាយវិវាទដីធ្លី” ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច “វីធីសាស្រ្តអង្គេតស្រាវជ្រាវ និងដោះស្រាយវិវាទដីធ្លី” និងចែកវិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥៤រូប រៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ច នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីដ៏មានអត្តន័យនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះវិទ្យាស្ថានជាតិអធិការកិច្ច ដែលបានប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតំលៃធ្វើបទឧទ្ទេសនាមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗដល់សិក្ខាកាម រយៈពេល ៨ថ្ងៃកន្លងទៅនេះ។

ថ្លែងបន្ត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់រំលឹកជូនអង្គពីធីអំពីសារៈសំខាន់នៃវិស័យអធិការកិច្ច ក្នុងការរួមចំណែកលើកកម្ពស់ការដឹកនាំ គ្រប់គ្រងរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សុចរិតភាព ព្រមទាំងរួមចំណែកក្នុងការចូលរួមបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ក៏ដូចជាការរួមចំណែកពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈជាដើម។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនសិក្ខាកាមទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលត្រូវយកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនេះទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បីជួយអង្គភាព និងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តី សូមឱ្យសិក្ខាកាមទាំងអស់ នៅពេលចុះបំពេញបេសកកម្ម ត្រូវប្រតិបត្តិខ្លួនឱ្យបានល្អដោយប្រកាន់ខ្ជាប់នូវក្របសីលធម៌វិជ្ជាជីវៈជាមន្រ្តីអធិការកិច្ច ឈរលើគោលការណ៍ឯករាជ្យ មិនលំអៀង និងទទួលខុសត្រូវដោយយកគោលការណ៍ច្បាប់ជាមូលដ្ឋាន និងត្រូវគោរពតាមអភិក្រមទាំង៥ របស់សម្តេចតេជោគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ព្រមទាំអភិក្រមរបស់សម្ដេចធិបតីលើការធ្វើកំណែទម្រង់ ដោយផ្ដោតលើលក្ខខណ្ឌសំខាន់ៗ ៤ “គឺទី១-ត្រូវមានចក្ខុវិស័យច្បាស់លាស់ ទី២-ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ទី៣-ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤-ត្រូវមានការលះបង់” សំដៅបម្រើសេវាសាធារណៈឱ្យកាន់តែល្អ ស្អាតស្អំ ប្រកបដោយសុចរិតភាព ដើម្បីឈានទៅសម្រេចឱ្យបានចក្ខុវិស័យប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង