ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច និងគណៈកម្មការចំពោះកិច្ចទាំង៨
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច និងគណៈកម្មការចំពោះកិច្ចទាំង ៨ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ជាច្រើនរូប។
ជាមួយគ្នានេះដែរ ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួង បានផ្តល់នូវរបាយការណ៍វឌ្ឍនភាព និងធាតុចូលសំខាន់ៗសម្រាប់ការត្រៀមរៀបចំសន្និបាតក្រសួង ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំ និងជំរុញធ្វើយ៉ាងណាឱ្យការរៀបចំសន្និបាតក្រសួង ក៏ដូចជាការរៀបចំឯកសារយុទ្ធសាស្រ្តនៃសសរស្តម្ភទាំង៨របស់ក្រសួងឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ព្រមទាំងបានរំលឹកដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ត្រូវខិតខំពង្រឹងឱ្យបានខ្ជាប់ខ្ជួននូវវិន័យក្នុងការបំពេញការងារឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដើម្បីក្លាយជាស្ថាប័ន ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានានូវវប្បធម៌តម្លាភាព គណនេយ្យភាព លើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ចល្អ ស្របតាមកំណែទម្រង់ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។