លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជនសសយក កាកបាទក្រហម កាយរឹទ្ធ និងសិស្សានុសិស្ស សរុបចំនួន ៣៣១នាក់
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជនសសយក កាកបាទក្រហម កាយរឹទ្ធ និងសិស្សានុសិស្ស សរុបចំនួន ៣៣១នាក់ (ស្រី១៤៧នាក់) ដែលរៀបចំឡើងនៅវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តស្ទឹងត្រែង ដែលមាន ឯកឧត្ដម ស៊ី សួន អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងផងដែរ។
ពិធីផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយតម្រង់ទិសលើការពង្រឹងកម្មវិធីអប់រំស្តីពីអភិបាលកិច្ច និងបញ្ហាច្បាប់ដល់សាធារណជន និងភាគីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក៏មានការចូលរួមឆ្លើយបំភ្លឺ ជូនយ៉ាងក្បោះក្បាយពាក់ព័ន្ធ នឹងទិដ្ឋភាពច្បាប់បទពិសោធជាក់ស្តែង ដែលបកស្រាយដោយមន្រ្តីជំនាញ និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងតំណាងស្នងការនគរបាលខេត្តស្ទឹងត្រែងផងដែរ ក្នុងគោលបំណងពង្រឹងការយល់ដឹង ការចូលរួមបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបន្តរួមគ្នាជាកម្លាំងចលករប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
ខេត្តស្ទឹងត្រែង៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៕








