ពិធីសំណេះសំណាល និងជាកិច្ចប្រជុំបូកសមិទ្ធផលការងាររយៈពេល ១០០ថ្ងៃរបស់ក្រសួងអធិការកិច្ចជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងនិវត្តជន ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងជាកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១០០ថ្ងៃ របស់ក្រសួងអធិការកិច្ច បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងនិវត្តជនក្រសួងអធិការកិច្ចសរុបប្រមាណ ៤០២នាក់ នៅទីស្តីការក្រសួងអធិការកិច្ច។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាតាមរយៈការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ និងមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន មហាវីរៈបុរសជាតិក្នុងការផ្តល់ឱកាសបន្តវេនដល់យុវជនជំនាន់ក្រោយរួចមក។ រាជរដ្ឋាភិបាលថ្មីដែលប្រសូតឡើងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការតាំងចិត្តដ៏ម៉ឺងម៉ាត់ក្នុងការថែរក្សាឱ្យបាននូវសមិទ្ធផលនានា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតសមិទ្ធផលថ្មីសម្រាប់ជាតិ មាតុភូមិ និងប្រជាជន តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តកោណ-ដំណាក់កាលទី១ គឺ៖ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា និងគាំទ្រគ្នាលើការដ្ឋាន កំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ចនានាប្រកបដោយផ្លែផ្កា ដែលបានធានាដល់ការលើកកម្ពស់អភិបាលកិច្ចនៃគ្រប់ស្ថាប័ន គ្រប់ថ្នាក់, ការពង្រឹងយុត្តិធម៌ និងសមធម៌សង្គម, ការកសាងមូលធនមនុស្សប្រកបដោយគុណភាព, ការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយប្រសិទ្ធភាព និងការកែលម្អឥតឈប់ឈរនូវជីវភាពរបស់ប្រជាជន ជាពិសេស គឺការសម្រួចភារកិច្ច និងបេសកកម្មចម្បងលើវិស័យអធិការកិច្ច សំដៅដល់អធិការកិច្ចក្នុងបរិបទថ្មី គឺអធិការកិច្ចបែបឌីជីថល ដោយបន្តអនុវត្តអភិក្រមចំនួន៥ចំណុច “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេល ១០០ថ្ងៃកន្លងមកនេះ ក្រសួងអធិការកិច្ចបានអនុវត្តតាមផែនការសកម្មភាពការងារដែលក្រសួងបានដាក់ចេញ និងទទួលបានជោគជ័យលើភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងលើការងារមួយចំនួនមានជាអាទិ៍ ក្នុងនោះបានអញ្ជើញចូលរួមកម្មវិធីអមដំណើរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ការងារពង្រឹងសមត្ថភាពស្ថាប័ន ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការកសាងនិងពង្រឹងមូលធនមនុស្ស,ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួងនិងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងការចូលរួមកម្មវិធីបុណ្យជាតិ កម្មវិធីអន្តរជាតិ ការងារសង្គម ព្រមទាំងកម្មវិធីសំខាន់ៗជាមួយរាជរដ្ឋាភិបាលកម្ពុជាសរុបទាំងអស់មានចំនួន ៨៧កម្មវិធី។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគោលដៅយុទ្ធសាស្ត្រចំនួន៥ គឺ៖ ការធានាបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឱ្យបានច្រើន, ការសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ,ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកម្ពស់គុណភាពស្ថាប័ន និងការធានាបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ជាមួយនឹងបាវចនាទាំង៥ និងគោលដៅយុទ្ធសាស្ត្រទាំង៥ ដូចបានគូសរំលេចខាងលើ រាជរដ្ឋាភិបាលបានកំណត់នូវអាទិភាពគន្លឹះចំនួន៥ សម្រាប់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តី សូមគោរពដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើនដល់យើងខ្ញុំទាំងអស់គ្នា និងជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យអធិការកិច្ច ពិសេសការគាំទ្រ និងសម្រេចឱ្យប្តូរឈ្មោះ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច”។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់បងប្អូនទាំងអស់ ទាំងថ្នាក់កណ្តាល និងថ្នាក់មន្ទីររាជធានី ខេត្ត នាពេលកន្លងមក និងរួមគ្នាកសាងក្រសួងមួយនេះឱ្យមានការអភិវឌ្ឍជាលំដាប់។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ចបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងសាមគ្គីភាពឱ្យកាន់តែរឹងមាំ និងបំពេញភារកិច្ចឱ្យកាន់តែសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមសហការគ្នាជាគ្រួសារតែមួយ ដើម្បីឈានទៅសម្រេចគោលដៅរួមរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល៕