ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងអធិការកិច្ចគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”
ទីស្តីការក្រសួងអធិការកិច្ច៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងអធិការកិច្ចគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស» ដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដោយមានការអញ្ជើញចូលពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងមានការសម្របសម្រួលដោយ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ និងលោកគ្រូ អ្នកគ្រូពេទ្យ សរុប ៤០០នាក់ នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថា ការប្រារព្ធពិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ចនៅថ្ងៃនេះ គឺដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយនេះជាលើកទី១ ដែលក្រសួងអធិការកិច្ច បានរៀបចំកម្មវិធីសប្បុរសនេះឡើង គឺដើម្បីជួយសង្រ្គោះជីវិតមនុស្សផង ចូលរួមធ្វើអំពើល្អផង និងដើម្បីសុខភាពរបស់មន្រ្តីរាជការផង ដែលជាទានដ៏ល្អប្រពៃ ព្រោះថាការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា។