ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល១សប្តាហ៍

ភ្នំពេញ៖ ល្ងាចថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម ឌ័ន ហុង ហ្វុង (Doan Hong Phong) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ច ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបជូនថា នេះជាការបំពេញទស្សនកិច្ចផ្លូវការលើកទីមួយនៅក្រៅប្រទេស ដែល ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម ឌ័ន ហុង ហ្វុង នឹងមានជំនួបទ្វេភាគី និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ចរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំវៀតណាមជាន់ខ្ពស់មួយចំនួនទៀតផងដែរ។ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបប្រជុំពិភាក្សាការងារ និងមានដំណើរទស្សនកិច្ចដកស្រង់បទពិសោធពីបណ្តាស្ថាប័នមួយចំនួនទាំងក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន នៅរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តប៊ិញយឿង។

អត្ថបទទាក់ទង