ក្រសួងអធិការកិច្ចបានបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវផ្អែកលើការស្ទង់មតិជូនមន្ត្រីរាជការ
នៅថ្ងៃទី៣ និងទី៤ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិអធិការកិច្ចនិងមូលនិធិអាស៊ីប្រចាំកម្ពុជា ក្រសួងអធិការកិច្ចបានបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវផ្អែកលើការស្ទង់មតិជូនមន្ត្រីរាជការចំនួន៦០ នាក់ នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីក្នុងការអនុវត្តការស្ទង់មតិ ប្រកបដោយគុណភាព និងបរិយាបន្ន។
ក្នុងរយៈពេលពីរថ្ងៃនេះ មន្ត្រីនៃក្រសួងអធិការកិច្ចបានសិក្សាអំពីមូលដ្ឋានគ្រឹះនៃការស្រាវជ្រាវ ការគ្រប់គ្រងការស្ទង់មតិ ការរៀបចំកម្រងសំណួរ ស្ថិតិមូលដ្ឋាន បច្ចេកទេសនៃការអង្កេត ការស្ទង់មតិ និងការធានាគុណភាពនៃការស្ទង់មតិពីគ្រូឧទ្ទេសជាតិ និងអន្តរជាតិដែលមានបទពិសោធការងារជាច្រើន និងពីបណ្តាប្រទេសជាច្រើន។ សិក្ខាកាម បានស្វែងយល់ពីបទបង្ហាញជាទ្រឹស្តីដោយយកចិត្តទុកដាក់ និងបានចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់លើករណីសិក្សាជាក់ស្តែងយ៉ាងផុសផុល និងសកម្ម។ វគ្គបណ្តុះបណ្តាលនេះ នឹងបែងចែកជា៣ក្រុម បន្ថែមទៀត ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍បន្តបន្ទាប់។