“ការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាអាទិភាពចម្បងក្នុងការពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា”
នារសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសាលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៣+៤ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥២រូប មកពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បណ្តារក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងតាមបណ្តារខណ្ឌ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ច។
ក្នុងឱកាសដ៏មានតម្លៃនាពេលនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គអធិការកិច្ចបឋម ទាំង៥២រូប ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់មន្រ្តីអធិការកិច្ច ដែលជាលក្ខណសម្បត្តិនៃវិជ្ជាជីវៈ ត្រូវមាន៖ សុចរិតភាព, ភាពមិនលំអៀង, សមត្ថភាពវិជ្ជាជីវៈ, ជៀសវាងទំនាស់ផលប្រយោជន៍, មានក្រមសីលធម៌ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ និងជាពិសេសត្រូវគោរពអភិក្រមទាំង ៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងទិសស្លោក «គ្មានការជឿទុកចិត្តណាមួយ អាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ»។