ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនគូភាគី ដីមានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

រសៀលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនគូភាគី ដីមានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ នៅទីស្តីការក្រសួងអធិការកិច្ច។

ទន្ទឹមនឹងនោះ ករណីវិវាទដីធ្លីដ៏រាំរៃ១កន្លែង ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងការបើកទំព័រថ្មីរបស់ក្រសួងអធិការកិច្ច ក្នុងនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរបានឯកភាពគ្នាទួលយកទំហំដី និងប្រវែងក្បាលដី ដូចបានសម្រេចក្នុងកិច្ចប្រជុំសម្រុះសម្រួល បញ្ចប់វិវាទដីធ្លី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ និងកិច្ចប្រជុំបច្ចេកទេសសម្រុះសម្រួលបញ្ចប់វិវាទដីធ្លីតាមនីតិវិធី សុរិយោដី និងបានបំពេញបែបបទចុះបញ្ជីជូនគូភាគី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ជាក់ស្តែងនាថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ភាគីវិវាទទាំង២ ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគររូបនីយកម្ម និង ឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ជាលទ្ធផលភាគីទាំងពីរ បានឯកភាពគ្នាដូចខាងក្រោម៖

១)-ភាគីទាំងពីរបានឯកភាពបញ្ចប់វិវាទទាំងស្រុងដោយការសះជា ហើយបានធ្វើសម្បទាន ដោយឈរលើយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា ហ៊ុន សែន និងបានទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរៀងៗខ្លួន ដោយសេចក្តីរីរាយបំផុត។

២)- ភាគីទាំងពីរបញ្ឈប់ និងបញ្ចប់នូវគ្រប់រូបភាពទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ភាគីម្ខាងៗ តាមរយៈគ្រប់មធ្យោបាយ ជាអាទិ៍ តាមរយៈសារព័ត៌មាន និងបណ្តាញសង្គមនានា។

៣)-ក្រសួងអធិការកិច្ច បិទបញ្ចប់ការអង្កេតស្រាវជ្រាវករណ៏បណ្ដឹងពាក់ព័ន្ធនឹងវិវាទដីធ្លីរវាងភាគីដើមបណ្ដឹង លោកស្រី ជី ចន្ថា និងលោក ជី សារ៉ាវុធ តំណាងឱ្យលោក ម៉ែន ធឿន និងភាគីចុងបណ្ដឹងឯកឧត្តមបណ្ឌិត ម៉ែន ដែន និងលោកជំទាវ ទូច ថាវី ចាប់ពីថ្ងៃនេះតទៅ។

សូមជម្រាបដែរថា នៅអាណត្តិមុនក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដោះស្រាយដោយជោគជ័យលើបណ្ដឹងពាក់ព័ន្ធវិវាទដីធ្លីជូនប្រជាពលរដ្ឋបានជាច្រើនករណី ដែលភាគច្រើនជាវិវាទដីធ្លីរ៉ាំរ៉ៃយូរឆ្នាំ។

សូមបញ្ជាក់ផងដែរថាករណីវិវាទដីធ្លីដ៏រាំរៃ ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នេះជាករណីបណ្ដឹងទី១ ដែលត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងការបើកទំព័រថ្មី របស់ក្រសួងអធិការកិច្ច នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងជួយ និង ប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង