ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ, ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការរៀបចំយុទ្ធសាស្រ្តដើម្បីលើកកម្ពស់វិស័យអធិការកិច្ចនៅកម្ពុជា នៅទីស្ដីការក្រសួងអធិការកិច្ច។

ក្រោយពីបានរំេលចពីសមិទ្ធផលលើគ្រប់វិស័យ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការជំរុញ និងអភិវឌ្ឍន៍សហគមន៍ជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីផែនការយុទ្ធសាស្ត្រសំខាន់ៗចំនួន៨ រួមមាន៖

(១) ការពង្រឹងសមត្ថភាពស្ថាប័ន

(២) ការកសាង និងអភិវឌ្ឍមូលធនមនុស្ស

(៣) ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន

(៤) ការពង្រឹងប្រសិទ្ធភាពនៃការតាមដានការអនុវត្តច្បាប់ និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល

(៥) ពង្រឹងសមត្ថភាពអធិការកិច្ចរបស់ស្ថាប័ន

(៦) អប់រំផ្សព្វផ្សាយ ដោះស្រាយពាក្យបណ្តឹង និងតាមដានការអនុវត្តច្បាប់។

(៧) ជំរុញកិច្ចសហការ និងភាពជាដៃគូរដ្ឋ ឯកជន និងដៃគូសំខាន់ៗ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តច្បាប់

(៨) រួមចំណែកក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការអធិការកិច្ច និងដោះស្រាយបណ្តឹង

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញការគាំទ្រពេញទំហឹងទៅលើការងារអាទិភាពទាំងអស់ ហើយបានចែករំលែកពីបទពិសោធន៍របស់សាធារណរដ្ឋប្រជាមានិតចិន និងគណបក្សកុម្មុយនីស្តចិន ទៅលើការជម្រុញអភិបាលកិច្ច ដែលអាចឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាជន និងលើកកម្ពស់ទំនុកចិត្តរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិនក្នុងការឈានទៅដល់គោលបំណង ១០០ ឆ្នាំរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០៤៩។

ភាគីទាំងពីរកំពុងពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់រវាងក្រសួងអធិការកិច្ច និងគណៈកម្មាធិការជាតិត្រួតពិនិត្យចិន ដែលនឹងឈានដល់ការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ។

អត្ថបទទាក់ទង