ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ កូប្រាហ្កាដេ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ កូប្រាហ្កាដេ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ និងសូមថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត ដែលបានផ្ញើសារអបអរសាទរដល់ឯកឧត្តម ក្នុងឱកាសដែលព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រ និងនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។