ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចពិភាក្សាវគ្គ១ ដែលជាវេទិកាពិសេស
សៀមរាប ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន អនុប្រធានអនុគណៈកម្មការទី៦ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចពិភាក្សាវគ្គ១ ដែលជាវេទិកាពិសេស ស្ដីពី តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនាសហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ នៅសណ្ឋាគារ Raffles Grand Hotel d’Angkor ខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានចាប់ផ្ដើមកិច្ចពិភាក្សាដោយបានលើកយកចំណុចសំខាន់មួយក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ដែលកម្ពុជាបានប្រកាន់យកគឺ «គ្មានការអភិវឌ្ឍន៍ដោយចីរភាពទេ បើគ្មានសន្តិភាព ហើយគ្មានសន្តិភាពទេបើគ្មានការអភិវឌ្ឍន៍ដោយចីរភាព»។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងអំពីបទពិសោធន៍ដែលកម្ពុជាធ្លាប់បានឆ្លងកាត់នូវភ្លើងសង្គ្រាម ជាពិសេសក្នុងការឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ ដ៏សាហាវឃោរឃៅ និងយុងឃ្នងបំផុត ដែលបានធ្វើទារុណកម្ម និងសម្លាប់រង្គាលចំពោះអាយុជីវិតប្រជាជនកម្ពុជា ព្រមទាំងកិច្ចខិតខំស្វែងរកសន្តិភាពពេញលេញសម្រាប់កម្ពុជាមកទល់សព្វថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តទៀតថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស់វៃបំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ទៅលើយុវជន ដែលផ្ដោតទៅលើចំណុចគន្លឹះសំខាន់ៗចំនួន៤ មានដូចជា ការអភិវឌ្ឍន៍មូលធនមនុស្ស សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ការស្ដារឡើងវិញនូវបរិស្ថានប្រកបដោយចីរភាព និងការផ្លាស់ប្ដូររបត់សង្គមប្រកបដោយភាពច្បាស់លាស់។