ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងអធិការកិច្ច និងក្រសួងព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន
ព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងអធិការកិច្ច និងក្រសួងព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងពីរសរុបចំនួន ២៩៣នាក់ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទាំងពីរដ៏អធិកអធម និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងសហការីនៃក្រសួងទាំងពីរដែលបានខិតខំប្រឹងប្រែងផ្តល់កិច្ចសហការយ៉ាងល្អ និងសម្របសម្រួលតាមគ្រប់មធ្យោបាយ ក្នុងការសម្រេចឱ្យបាននូវអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ។
ឆ្លៀតឱកាសដ៏មានតម្លៃនេះ ឯកឧត្តម មានប្រសាសន៍ថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច » ត្រូវបានប្តូរឈ្មោះ ទៅជា « ក្រសួងអធិការកិច្ច » អនុលោមតាមព្រះរាជក្រមលេខ នស/រកម/១០២៣/០១៩ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ក្នុងគោលដៅឆ្លើយតបនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់, ការពង្រឹងអភិបាលកិច្ច, ការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ, និងការបន្តអនុវត្តនូវអភិក្រមទាំង៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គឺ «ឆ្លុះកញ្ចក់, ដុសក្អែល, ងូតទឹក, ព្យាបាល និង វះកាត់»។
ឯកឧត្តម មានប្រសាសន៍បន្តថា ការងារអធិការកិច្ច គឺជាការងារដែលមានសារៈសំខាន់ និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម បុរេសកម្ម និងអន្តរសកម្ម ពីគ្រប់បណ្ដាភាគីពាក់ព័ន្ធ គ្រប់វិស័យ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ដើម្បីអាចឆ្ពោះទៅសម្រេចបានអភិបាលកិច្ចល្អ និងសម្រេចបាននូវចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
មុននឹងបញ្ចប់ ឯកឧត្តម បានវាយតម្លៃចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ច និងក្រសួងព័ត៌មាននៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះការវិវត្តនៃបច្ចេកវិទ្យាបានផ្ដល់នូវមធ្យោបាយចែករំលែកព័ត៌មានដែលមានភាពងាយស្រួល ឆាប់រហ័ស និងវិសាលភាពកាន់តែទូលំទូលាយ ដែលនេះជាកត្តាមួយចាំបាច់ដែលក្រសួងអធិការកិច្ច ត្រូវពង្រឹងយន្តការនៃការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។
ជាទីបញ្ចប់ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការយោគយល់នេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងក្រសួងព័ត៌មាន នឹងកាន់តែពង្រីកវិសាលភាព និងលើកកម្ពស់មួយកម្រិតបន្ថែមទៀត ដែលបានឆ្លុះបញ្ចាំងរួមគ្នាពីការទទួលខុសត្រូវ និងការចូលរួមជាមួយស្ថាប័នរដ្ឋ ដោយឈរលើស្មារតីបុរេសកម្ម និងអន្តរសកម្ម ក្នុងគោលបំណងអនុវត្តឱ្យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីចូលរួមពង្រឹងអំណាចសារព័ត៌មាន ការគោរពសិទ្ធិនៃការទទួលបានព័ត៌មានពិតរបស់ប្រជាពលរដ្ឋ ដោយធានាឱ្យបាននូវការផ្សព្វផ្សាយព័ត៌មានដែលជាគុណប្រយោជន៍សម្រាប់ការអភិវឌ្ឍ ការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមដំបូលនៃសុខសន្តិភាព។